ព័ត៌មានបន្ទាន់
Home / ទំព័រដើម / លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​សា្ម​ច់ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​

លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​សា្ម​ច់ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ខូង ទីន និង​បក្ខពួក​បាន​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ប្រទេស​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​១០០០០​រៀល សម្រាប់​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន និង​៥០០០​រៀល​សម្រាប់​ការបោះ​ត្រា​លើ​ប័ណ្ណឆ្លងដែន​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក ខូង ទីន និង​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ព្រោះ​លោក ខូង ទីន អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខូង ទីន បាន​ឲ្យ​ដឹងថា បើទោះបី​លោក ខូង ទីន ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ គឺ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ទន្ទឹមនឹងនេះ​លុយ​ដែល​លោក ខូង ទីន ប្រមូលបាន​តាមរបៀប​ពុករលួយ​របស់លោក ខូង ទីន គឺ​ប្រហែលជា​មានការ​បែងចែក​ទៅដល់​មន្ត្រី​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ផងដែរ ទើប​មន្ត្រី​ទាំងនោះ​បណ្ដោយ​ឲ្យ​លោក ខូង ទីន ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

បើតាម​ការ​បង្ហើប​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា ក្រៅពី​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ គឺ​លោក ខូង ទីន ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អូរ​ស្មាច់ យ៉ាង​រាលដាល​ផងដែរ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនគួរ​មើលរំលង​នូវ​ទង្វើ​មិន​ប្រក្រតី​របស់លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ នោះទេ​ព្រោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ត្រី គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ខូង ទីន ផងដែរ​ព្រោះ​លោក ខូង ទីន ល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​៕

Check Also

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន …

Leave a Reply

Your email address will not be published. Required fields are marked *